ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុៈមូលដ្ឋានខេត្តស្វាយរៀង។

កិច្ចនេះក៏មានក៏អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈប្រតិភូក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមនាយឧត្តមសេនីយ៍  ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ជាអនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តមក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរង ខេត្ត លោកឧត្ដមសេនីយ៍កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីនាយក នាយរងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក និងលោក លោកស្រីមេឃុំ ចៅសង្កាត់ សរុបប្រមាណ៣១៥នាក់។

ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ដើម្បីអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងធានាការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានគុណភាព គុណផល សំដៅលើកកម្ពស់គណនេយ្យភាព  និងប្រសិទ្ធភាពនៃការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានកាន់តែមានភាពឆ្លើយតបចំពោះសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងបានរៀបចំ បង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ទាំង០៨ តាមរយៈសេចក្តីសម្រេចលេខ ០២/២៤ សសរ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងក្រុមការងារចុះតាមបណ្តាឃុំ សង្កាត់ទាំង ៨០ ក្នុងខេត្ត ដែលមានសមាសភាពមកពីថ្នាក់ជាតិ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ អង្គភាព ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលស្រុក ក្រុង និងមេឃុំ ចៅសង្កាត់ សរុបចំនួន ៦៩៧នាក់ ។

ឯកឧត្តម បន្ថែមថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រុង ស្រុក និងឃុំ សង្កាត់ បានធ្វើការផ្សព្វផ្សាយនូវគោលនយោបាយយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ កម្មវិធីនយោបាយអទិភាពទាំង៦ និងវិធានការគន្លឹះ នៃកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងបានសហការជាមួយមូលដ្ឋានសំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព ព្រមទាំងខិតខំចូលរួមសហការដោះស្រាយ ឆ្លើយតប បញ្ហាប្រឈម សំណើរ សំណូមពរនានានៅមូលដ្ឋាន ជាពិសេសពាក់ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព័ត៌មានទាក់ទង